អ៊ីស្រាអែល បង្កើនការវាយលុកនៅហ្គាហ្សា ខណៈមន្ត្រីខ្លួនចរចាបទឈប់បាញ់នៅទីក្រុងវ៉ាស៊ីនតោន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ និងចេញបទបញ្ជាជម្លៀសខ្លួនជាថ្មី ខណៈដែលមន្ត្រីជំនិតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោននៅ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃបទឈប់បាញ់។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ២០នាក់
ខណៈរថក្រោះបានរុលចូលទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនក្នុងទីក្រុង Gaza
City, Khan Younis និង Rafah។ មិនតែប៉ុណ្ណោះ
យោធាបានបញ្ជាឲ្យប្រជាជននៅតំបន់ទាំងនោះជម្លៀសខ្លួនជាបន្ទាន់
ដែលនាំឲ្យមានការផ្លាស់ទីលំនៅជាថ្មីទៀតផងដែរ។
ទន្ទឹមនឹងការកើនឡើងផ្នែកយោធានេះ
រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល លោក Ron
Dermer ដែលជាមន្ត្រីជំនិតរបស់លោក Netanyahu កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ
ដើម្បីជួបជាមួយមន្ត្រីនៅសេតវិមាន។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា លោក Dermer
នឹងស្វែងរកលទ្ធភាពនៃកិច្ចព្រមព្រៀងការទូតក្នុងតំបន់
បន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាលពីខែមុន
ក៏ដូចជាការបញ្ចប់សង្គ្រាមនៅហ្គាហ្សាផងដែរ។ លោក Netanyahu ផ្ទាល់
ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីជួបលោក ដូណាល់
ត្រាំ នៅថ្ងៃទី៧ ខែកក្កដា។
សូមជម្រាបថា
កិច្ចចរចាដើម្បីពន្យារពេលបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍កាលពីដើមឆ្នាំនេះ
បានជាប់គាំង។ ប្រភពប៉ាឡេស្ទីន និងអេហ្ស៊ីបបាននិយាយថា អ្នកសម្របសម្រួលកាតា
និងអេហ្ស៊ីប បានបង្កើនការទាក់ទងជាមួយភាគីទាំងពីរ
ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំថ្មីនៅឡើយទេ។
ក្រុមហាម៉ាស់និយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងទាំងអស់ លុះត្រាតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាម
ខណៈអ៊ីស្រាអែលនិយាយថា សង្គ្រាមអាចបញ្ចប់បាន
លុះត្រាតែក្រុមហាម៉ាស់ត្រូវបានរំសាយអាវុធ និងលែងគ្រប់គ្រងហ្គាហ្សា៕
Post a Comment