រដ្ឋមន្ត្រីការពារជាតិ៖ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្រសួងការពារជាតិនឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ
បានបញ្ជាក់ថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ
រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ
និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
រដ្ឋមន្ត្រីក្រសួងការពារជាតិ
បានគូសបញ្ជាក់ថា៖ «ព្រឹកមិញខ្ញុំក៏បានទំនាក់ទំនង (តាមទូរសព្ទ)
ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង
ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ
ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ
យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០២៥»៕
Post a Comment