ត្រាំ ជំរុញឱ្យហាម៉ាសទទួលយកសំណើចុងក្រោយ សម្រាប់បទឈប់បាញ់ហ្កាហ្សា ៦០ថ្ងៃ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា បានជំរុញឱ្យក្រុមហាម៉ាសទទួលយកអ្វីដែលលោកហៅថា សំណើចុងក្រោយ សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ហើយដែលសំណើនេះនឹងត្រូវប្រគល់ឱ្យហាម៉ាសតាមរយៈក្រុមមន្ត្រីមកពីកាតា និងអេហ្ស៉ីប។
លោក ត្រាំ ក្នុងថ្ងៃអង្គារដដែលនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកសង្ឃឹមថាបទឈប់បាញ់មួយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង
អាចនឹងសម្រេច បាននៅសប្ដាហ៍ក្រោយ រវាងអ៉ីស្រាអែល និងហាម៉ាស ខណៈរូបលោកគ្រោងនឹងជួបលោក
Netanyahu
នៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក
ត្រាំ បាននិយាយថាក្រុមអ្នកតំណាងរបស់លោកបានបើកកិច្ចប្រជុំដ៏វែងអន្លាយ
និងប្រកបដោយផ្លែផ្កាជាមួយ ក្រុមមន្ត្រីអ៉ីស្រាអែលអំពីតំបន់ហ្កាហ្សា។
លោកមិនបានបង្ហើបពីអត្តសញ្ញាណក្រុមមន្ត្រីតំណាងរបស់លោកទេ តែបេសកជនពិសេសអាមេរិក លោក Steve
Witkoff រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងអនុប្រធានាធិបតី លោក JD Vance បានជួបពិភាក្សាជាមួយលោក
Ron Dermer ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល
លោក Benjamin Netanyahu។
តាមលោក ត្រាំ អ៉ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល
៦០ថ្ងៃ ហើយអំឡុងបទឈប់បាញ់នេះសហរដ្ឋអាមេរិកនឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់
ដើម្បីបិទបញ្ចប់សង្រ្គាម។ លោក ត្រាំ បន្ថែមថាអ្នកតំណាងមកពីកាតា និងអេហ្ស៉ីប
នឹងប្រគល់សំណើចុងក្រោយទៅឱ្យក្រុមហាម៉ាស៕
Post a Comment