ត្រាំ ដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ទប់ស្កាត់បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍ ក្នុងទីក្រុង Los Angeles
ប្រភព៖ AFP
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ខណៈទីភ្នាក់ងារសហព័ន្ធក្នុងទីក្រុង Los Angeles បាន និងកំពុងប្រឈមមុខ ជាមួយក្រុមបាតុករ ២ថ្ងៃជាប់ៗគ្នាមកនេះ។
បាតុកម្មបានផ្ទុះឡើងដំបូងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ
ក្រោយទីភ្នាក់អនុវត្តច្បាប់ខាងគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE
បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់ នៅទីក្រុង Los Angeles
និងបានឃាត់ខ្លួនមនុស្សយ៉ាងហោច ៤៤នាក់ ដោយចោទប្រកាន់ថា
បានបំពានច្បាប់អន្តោប្រវេសន៍។ ក្រុមមន្ត្រីសន្តិសុខអាមេរិក កាលពីថ្ងៃសៅរ៍ ទី៧
ខែមិថុនា បានប្រឈមមុខ ដ៏តានតឹងជាមួយក្រុមបាតុករ ក្នុងតំបន់ Paramount នៃទីក្រុង Los Angeles ជាទីដែលក្រុមបាតុករមួយចំនួន
បានគ្រវីទង់ជាតិម៉ិកស៊ិក និងអ្នកខ្លះពាក់ម៉ាសបិទមុខការពារឧស្ម័នបង្ហូរទឹកភ្នែក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថាលោក
ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ដើម្បីដោះស្រាយសកម្មភាព
ខុសច្បាប់ដែលកំពុងរីករាលដាល។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា «រដ្ឋបាលលោក ត្រាំ មានគោលនយោបាយមិនអត់ឱនឱ្យដាច់ខាតចំពោះអំពើហិង្សា
និងពួកឧក្រិដ្ឋជន ជាពិសេស
នៅពេលអំពើហិង្សាមានគោលដៅលើក្រុមមន្ត្រីអនុវត្តច្បាប់ដែលកំពុងព្យាយាមបំពេញការងាររបស់ពួកគេ»។ ក៏ប៉ុន្តែ អភិបាលរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ
លោក Gavin Newsom បាននិយាយថាលោកជំទាស់នឹងការដាក់ពង្រាយកងទ័ព។
លោក Gavin Newsom គូសបញ្ជាក់ថា «ការសម្រេចចិត្តបែបនេះ
(ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ) ជាការដុតរោលស្ថានការណ៍ឱ្យកាន់តែក្ដៅ
ហើយនឹងមានតែធ្វើឱ្យភាពតានតឹង កើនឡើងតែប៉ុណ្ណោះ»។ លោកបន្ថែមថា «យើងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រចាំទីក្រុង
និងតំបន់»៕
Post a Comment