លោក Lee Jae-myung ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង
ប្រភព៖ AFP
សេអ៊ូល៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។
លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក
Yoon Suk Yeol។
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង
លោក Lee
ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ
៤១.១៥ភាគរយ។ ជាធម្មតា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង
បេក្ខជនជ័យលាភីត្រូវរង់ចាំជាច្រើនខែទើបអាចស្បថចូលកាន់តំណែង។
ប៉ុន្តែដោយសារតែជ័យជម្នះរបស់លោក Lee កើតមានឡើងនៅក្នុង
ការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីលោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង
នេះមានន័យថាអាណត្តិរបស់លោកនឹងត្រូវចាប់ផ្ដើមភ្លាមៗ
ក្រោយគណៈកម្មការរៀបចំការបោះឆ្នោត
ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ។
ប្រធានគណៈកម្មការរៀបចំ
ការបោះឆ្នោតកូរ៉េខាងត្បូង លោក Roh Tae-ak
បានគូសបញ្ជាក់ថា «គណៈកម្មការរៀបចំការបោះឆ្នោតសូមបញ្ជាក់ថាលោក
Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតជាប្រធានាធិបតី»។
ក្រោយការប្រកាសលទ្ធផលផ្លូវការ លោក Kim
Moon-soo ក៏បានទទួលស្គាល់បរាជ័យ និងលទ្ធផលបោះឆ្នោតផងដែរ៕
Post a Comment