ឯកឧត្តម នេត្រ ភក្រ្តា ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ
នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។
នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា
ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស
មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល
ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព
មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម
ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង
ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់
ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕
Post a Comment