ក្រសួងបរិស្ថានលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ វិស័យឯកជន ឆ្ពោះទៅការអភិរក្សបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដ៏សំខាន់មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៍។ កិច្ចសហការនេះមានគោលបំណងជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។

លោក ចាប វិបុល ប្រធានអង្គការ WWF-កម្ពុជា បានថ្លែងថា MoU ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននាពេលនេះ គឺជាឧបករណ៍ដ៏មុតស្រួច មួយសម្រាប់បន្ថែមលើកិច្ចគាំពារ និងការអភិរក្សធនធានធម្មជាតិដែលមានស្រាប់។ លោកបានសង្កត់ធ្ងន់ថា MoU នេះនឹងជួយ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងរក្សាបាននូវលំនឹងជីវៈចម្រុះប្រកបដោយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន។ លោកបានបន្តថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានបានធ្វើឱ្យការងារអភិរក្សទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានប្រសិទ្ធភាពបំផុត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។
ស្របនឹងការថ្លែងរបស់លោក ចាប វិបុល លោក CHEN YEPERN នាយកគ្រប់គ្រងសាខាក្រុមហ៊ុនណាហ្គាវើលដ៍ លីមីតធិត ក៏បានគូសបញ្ជាក់ថា MoU នេះពិតជាមានសារៈសំខាន់ និងជាសក្ខីនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯកជនដើម្បីរួមចំណែកជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា។ លោកជឿជាក់ថា កិច្ចគាំពារបរិស្ថាន និងការងារអភិរក្សនឹងកាន់តែប្រសើរឡើង ជាពិសេសការបណ្តុះផ្នត់គំនិតបៃតង ដែលជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការពង្រីកគម្របព្រៃឈើជាតិ និងរួមចំណែកដោះស្រាយបញ្ហាសកល ការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូ និងវិស័យឯកជនដែលបានរួមចំណែកក្នុងយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។ ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំចង់បានគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមបានរំលឹកពីប្រសាសន៍របស់ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន (អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន) ដែលធ្លាប់បានលើកឡើងថា "ឆ្នេរសមុទ្រស្អាត គ្មានសំណល់ប្លាស្ទិក" និង "ភ្ញៀវទេសចរម្នាក់ ដើមឈើ១ដើម" ។ បន្តពី សម្តេចតេជោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តធ្វើឱ្យកម្ពុជាស្អាត និងមានភាពបៃតង" ដែលនេះ បានសរបញ្ជាក់ពីការបណ្តុះនូវពន្លកបៃតងក្នុងផ្នត់គំនិតរបស់ប្រជាជាតិគ្រប់ជាន់ថ្នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហការគ្រប់ជ្រុងជ្រោយនាពេលនេះ គឺជា បេសកកម្មដ៏ចម្បង ដើម្បីសម្រេចបានបំណងប្រាថ្នារបស់សម្ដេចតេជោ និងសម្ដេចធិបតី។ ជាក់ស្ដែង ជាង ២០ ខែមកនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាច្រើនដែលបម្រើឱ្យភាពស្អាត ភាពបៃតង និងចីរភាព ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេស ធនធាន និងថវិកាពីអង្គការដៃគូជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធទាំងអស់។ ការឈរលើទស្សនវិស័យតែមួយ យុទ្ធសាស្ត្រតែមួយ និងបេសកកម្មតែមួយនេះ នឹងនាំយកក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជូនជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅលើឆាកអន្តរជាតិ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏មិនបានបំភ្លេចនូវការដឹងគុណចំពោះ ថ្នាក់ដឹកនាំក្រសួងបរិស្ថានជំនាន់មុន ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានបន្សល់ទុកនូវមរតក "ស្អាត បៃតង" សម្រាប់បន្តបេសកកម្មទាំងនេះ រហូតឈានដល់ចលនា ហើយនឹងបន្តទៅជាទម្លាប់វិជ្ជមានជារហូតទៅ៕








Powered by Blogger.