អគារមរតកសង្គមរាស្ត្រនិយម សម្តេចឳ សម្តេចម៉ែ នៅស្រុកបុរីអូរស្វាយសែនជ័យត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទ៖ ម៉ាវិន (ស្ទឹងត្រែង)  

ខេត្តស្ទឹងត្រែង៖ សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ់ដ៏ខ្ពង់ខ្ពសបំផុត កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ទ្រង់យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង ដែលជាអគារមរតកសង្គមរាស្រ្តនិយម ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ។

សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា មានព្រះសុវណ្ណនីថា៖ព្រះរាជបណ្ណាល័យហ្លួងម៉ែ ត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឡើងដើម្បីថ្វាយព្រះរាជកិត្តិយសតបស្នងព្រះមហាទិគុណ ចំពោះព្រះរាជបូជនីយកិច្ចពេញមួយព្រះជន្ម របស់សម្តេចព្រះហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដើម្បីគាំទ្រដល់ការសិក្សា ស្រាវជ្រាវឯកសារវប្បធម៌សិល្បៈ និងការអប់រំសំខាន់ៗ នៃសហសម័យកម្ពុជាយើង ។

រួមជាមួយគ្នានោះ សម្តេចព្រះរាជបុត្រី មានព្រះសុវណ្ណនីបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សការពារ និងផ្សព្វផ្សាយព្រឹត្តិការណ៍ អតីត បច្ចុប្បន្ន និងអនាគតនៃកម្ពុជា ទៅកាន់សាធារណៈជន និងពិភពលោក ។

តាមរយៈការបង្ហាញពីសំណាក់លោកជំទាវ សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណល័យហ្លួងម៉ែ បានឱ្យដឹងថា អគារមតរតកសង្គមរាស្ត្រនិយម សម្តេចឳ សម្តេចម៉ែ ទទួលបានការគាំទ្រពីសំណាក់ទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការទួគី(ទីកា) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា បានឧបត្ថម្ភថវិកា និងសាងសង់អគារចំនួន១ខ្នង ផែរចំនួន៤ និងទូកចម្លងចំនួន៤ផងដែរ៕











Powered by Blogger.