អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនលើកឡើងថា ការលើកកម្ពស់អំណានជាភារកិច្ចរបស់យើងទាំងអស់គ្នា

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើកឡើងថានៅក្នុងស្មារតីលើកកម្ពស់អំណាននេះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានដើរតួនាទីជាស្ពាន ជាអ្នកសម្របសម្រួលជាមួយអង្គពាក់ព័ន្ធនានាដើម្បីបង្កើនដែកឆក់ស្រូបទាញអ្នកអាន ដោយជំរុញទាំងគុណភាព ទាំងបរិមាណអ្នកអាន។ 

លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមិត្តចិន សមាគមបានជួយសម្របសម្រួលកែលម្អបណ្ណាល័យចំនួន៦កន្លែង។ ក្នុងនោះ៖ ១-សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ (រាជធានីភ្នំពេញ)។ ២-សាលាបឋមសិក្សានិងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ (ខេត្តព្រះសីហនុ)។ ៣-សាលាបឋមសិក្សាប្រសូត (ខេត្តកំពង់ចាម)។ ៤-សាលាបឋមសិក្សាព្រហារ (ខេត្តព្រៃវែង)។ ៥-សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ខេត្តកណ្តាល)។ ៦-សាលាបឋមសិក្សាតានី (ខេត្តសៀមរាប)និងទី៧-សាលាបឋមសិក្សាព្រែកលៀប (រាជធានីភ្នំពេញ)។

លោកបណ្ឌិតបញ្ជាក់ថា ដើម្បីរួមចំណែកដល់ការលើកកម្ពស់អំណាននេះ សមាគមយល់ថា យើងត្រូវការធាតុផ្សំចំនួន៤គឺ៖

១-ទស្សនវិស័យ គឺជាចក្ខុវិស័យដែលយើងទាំងអស់គ្នាយល់ស្របគ្នាថា អំណានគឺជាបេសកកម្មពេញមួយជីវិតរបស់យើងទាំងអស់គ្នា ហើយត្រូវបន្តមរតកនេះជាប់ឥតដាច់ទៅអ្នកដទៃ ទៅមនុស្សជាតិ និងទៅជំនាន់ក្រោយៗ ដោយឈរលើគោលនយោបាយ គោលការណ៍នានាសម្រាប់ពង្រឹងសមត្ថភាពអំណាន។

២-ត្រីវិស័យ គឺជាមធ្យោបាយជាសារវន្តដែលយើងទាំងអស់គ្នាត្រូវរួមគ្នាប្រាកដថា អំណាននឹងសម្រេចបានតាមការគ្រោងទុក ហើយបន្តទម្លាប់អំណាននេះក្លាយជាអព្ភន្តរញាណដែលបង្កប់នូវពុទ្ធិនិងបទពិសោធន៍។ ក្នុងន័យនេះ យើងត្រូវការ៖

១-បណ្ណាល័យដែលមានបរិស្ថានអនាម័យ និងពោរពេញដោយសៀវភៅប្រកបដោយគុណតម្លៃវិទ្យាសាស្រ្ត

២-បណ្ណារក្សប្រកបដោយវិជ្ជាជីវៈ និងមានចិត្តសាស្រ្តក្នុងកិច្ចបង្កើនបរិមាណអ្នកអាន

៣-សហគមន៍ដែលរួមចំណែកលើកទឹកចិត្ត និងបង្កើតបរិយាកាសអំណាន

៣- ចលករនៃអំណាន ដែលយើងត្រូវការ៖

១-អ្នកនិពន្ធ និងអ្នកដែលមានបទពិសោធន៍អំណានចូលរួមនិពន្ធ និងចែករំលែកទ្រឹស្តីកាន់តែសំបូរបែបពីអំណាន

២- គ្រឹះស្ថានបោះពុម្ពផ្សាយ សេវាកម្មបោះពុម្ពនានា និងបណ្តាសង្គមស៊ីវិលនានាដែលមានឆន្ទៈលើកកម្ពស់ការអាន

៣-វេទិកាអំណាន និងការប្រកួតប្រជែងលើអំណាន ព្រមទាំងផ្តល់រង្វាន់សម្រាប់អ្នកនិពន្ធឆ្នើមថែមទៀតផង។

៤-បណ្តុះទម្លាប់អំណាន៖

១- បញ្ចូលទម្លាប់អានតាំងពីពេលម្តាយកំពុងមានផ្ទៃពោះ

២- លើកទឹកចិត្តដល់ទារកប្រើប្រាស់ពេលវេលាកាន់តែច្រើនជាមួយអំណាន ដើម្បីឱ្យទម្លាប់ពន្លាតពេញមួយវដ្តជីវិតរបស់ខ្លួន ហើយជះឥទ្ធិពលវិជ្ជមានដល់អ្នកដទៃផ្សេងទៀត ឬលើកទឹកចិត្តខ្លួនឯងក្លាយជាអ្នកនិពន្ធ ជាអ្នកចែករំលែកបទពិសោធន៍អំណាន។

៣-សាលារៀន និងសហគមន៍ត្រូវរួមចំណែកដើរតួនាទីកាន់តែសកម្មលើការលើកទឹកចិត្តអំណានដោយបង្កើតជាទម្លាប់ ជាគោលការណ៍ ឬជាកាតព្វកិច្ចសម្រាប់អំណាន៕





Powered by Blogger.