សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ (ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី២ឆ្នាំ២០២៥ ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៣០ មកពី ១៤ប្រទេសជុំវិញពិភពលោក
ភ្នំពេញ៖ នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥-The 8th BICC – Education Fairs 2025 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥-The 2nd BICC - Research Forum 2025 ស្តីពី“តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត-Roles of Higher Education Institutions in Promoting Lifelong Learning” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង
តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ
ប៊ែលធី អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ
តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន៣0 មកពី ១៤ប្រទេសជុំវិញពិភពលោក (កម្ពុជា
អូស្ត្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប៉ូឡូញ សិង្ហបុរី ស្វីស
ថៃ អង់គ្លេស និងសហរដ្ឋអាម៉េរិក) ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល
សរុបជាង ៥,០០០នាក់។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC
គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា
(MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ
ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ៖
១-ផ្សព្វផ្សាយអំពីវប្បធម៌
ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច
ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន
និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា
ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤-បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី
ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧-ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល
ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
ឯកឧត្តមសាកលវិទ្យាធិការ បានបន្ថែមថា
ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារដែលមានការទទួលស្គាល់ជាអន្តរជាតិ
សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី”២” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ
និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍
និងស្នាដៃសិក្សាស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ។
នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺកញ្ញា ទេព មល្លិកា ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបាងកក
នៃព្រះរាជាណាចក្រថៃ លើជំនាញយុទ្ធសាស្ត្រទំនាក់ទំនង និងផ្នត់គំនិត ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ
និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច
ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលមានចំណេះដឹងខ្ពង់ខ្ពស់
ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា
ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត
ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៣០
ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ
និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យឌីជីថល
ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស
ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់
បន្តចូលរួមសន្និសីទ BICC លើកទី៩
និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ
ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
Post a Comment