យោធាអ៊ីស្រាអែលអះអាងថា កម្ទេចប្រព័ន្ធបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បានប្រហែលជាង៣០ភាគរយ

 ប្រភព៖ AFP

ហ៊្សេរុយសាឡិម៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកម្ទេចបានប្រហែលជា១ភាគ៣ នៃប្រព័ន្ធបាញ់មីស៊ីលប្រភេទ surface-to-surface (បាញ់ចេញពីផ្ទៃដីសំដៅទៅគោលដៅនៅផ្ទៃដី) របស់អ៊ីរ៉ង់ ខណៈការវាយប្រហារដាក់គ្នារវាងប្រទេសទាំងពីរ នៅតែបន្ត។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៊ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៊ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៊ីរ៉ង់មាន»

នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់បានបន្តបាញ់ស្រោចមីស៊ីលមកលើទីក្រុងរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោច ៨នាក់ស្លាប់ និងជាង១០០នាក់របួស។ បើតាមអាជ្ញាធរអ៊ីស្រាអែល គិតត្រឹមពេលនេះ មនុស្សសរុប២៤នាក់បានស្លាប់ និងជាង​៤០០នាក់បានរងបួស ក្នុងការវាយប្រហារសងសឹកជាបន្តបន្ទាប់ពីអ៊ីរ៉ង់។

ដោយឡែក ក្នុងថ្ងៃដដែលនេះ ខាងយោធាអ៊ីស្រាអែល ក៏បានបន្តប្រតិបត្តិការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ មនុស្សសរុបយ៉ាងហោច ២២៤នាក់ស្លាប់ និងជាង១០០០នាក់របួស ក្នុងការវាយប្រហាររបស់អីស្រាអែល ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ជាពេលដែល​អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំមុន តាមផ្លូវអាកាសទៅលើអ៊ីរ៉ង់៕



 

Powered by Blogger.