សម្តេចតេជោ អំពាវនាវបងប្អូនជនរួមជាតិរក្សាភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារ តែហ្មឺងម៉ាត់ មិនទុកឱ្យបរទេសប្រមាថ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអំពាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីភាគីថៃ ដែលមានក្រុមយោធា បានបិទច្រកព្រំដែន ជាឯកតោភាគី មុនម៉ោងកំណត់ជាបន្តបន្ទាប់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុង៖
មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។

ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។

ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមក
កម្ពុជាច្រើនជាង 4.1ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ៕

 






 

 

Powered by Blogger.