យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកា ៤,៩លានដុល្លារ ពីសប្បុរសជន២៦ ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា
ភ្នំពេញ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួន ៤,៩ លានដុល្លា ពីសប្បុរសជនចំនួន ២៦ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា។ យុទ្ធនាការនេះ មានរយៈពេល១ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនគ្រប់ទិសទី ទៅជួយកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បញ្ជាក់ថា យុទ្ធនាការនេះ មិនត្រឹមតែកៀរគរថវិកាសម្រាប់ជួយទារក និងកម្ពុជាប៉ុណ្ណោះទេ តែវាការលើកកម្ពស់ស្មារតី និងទឹកចិត្តដ៏សំខាន់ដល់ក្រុមគ្រូពេទ្យ ក្នុងកិច្ចជួយសង្គ្រោះជីវិតទារក និងកុមារ។
ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាប្រមាណ ៤៣ លានដុល្លារក្នុងបេសកកម្ម សង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះ។ ការចូលរួមពីសប្បុរសជន គឺចាំបាច់ខ្លាំងណាស់ ក្នុងបុព្វហេតុសង្គ្រោះជីវិតទារកនិងកុមារកម្ពុជាប្រកបដោយនិរន្តរភាព។
ចាប់តាំងពីដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ មកទល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលផ្នែកពិគ្រោះជំងឺក្រៅដល់កុមារ និងស្រ្តីមានផ្ទៃពោះ បានប្រមាណ ២៣ លាននាក់ និងទទួលព្យាបាលកុមារដែលកើតជំងឺធ្ងន់ធ្ងរ បានប្រមាណ ២,៨ លាននាក់។ ក្នុងរយៈពេល៣៣ឆ្នាំមកនេះ មន្ទីរពេទ្យ ទទួលសម្រាលកូនជូនស្រ្តីមានផ្ទៃពោះ បានប្រមាណ ៤១ម៉ឺននាក់ផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលមានលទ្ធភាព មេត្តាបន្តចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕
Post a Comment