កិច្ចពិភាក្សាស្តីពី «នយោបាយការទូតសភា» បង្ហាញការស្វែងយល់ដល់អ្នកសារព័ត៌មានអំពីតួនាទីរបស់ស្ថាប័ននីតិបញ្ញាត្តិ
អត្ថបទ៖ ថោង វណ្ណា
ភ្នំពេញ៖ ដោយមានការសហការរវាង គណៈកម្មការទី៥ ព្រឹទ្ធសភា (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ «នយោបាយការទូតសភា» ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៧០នាក់ មកពី ៦០ស្ថាប័ន។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាខួបគម្រប់២៥ឆ្នាំ ថ្ងៃបង្កើតក្លិបអ្នកកាសែតកម្ពុជា ហើយក៏ជាលើកទី១ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាតុមូលជាមួយព្រឹទ្ធសភា។
ហេតុអ្វីបានជាក្លិបអ្នកកាសែតកម្ពុជាចាំបាច់លើកយក «នយោបាយការទូតសភា» ធ្វើជាប្រធានបទនៅក្នុងកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន ជាមួយព្រឹទ្ធសភា ?
ជាការពិតណាស់អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថាប័នថ្នាក់ក្រោមជាតិ ដែលជាស្ថាប័ននីតិប្រតិបត្តិ ប៉ុន្តែអ្នកសារព័ត៌មានក៏គួរតែស្វែងយល់នូវនយោបាយការទូតរបស់ ស្ថាប័ននីតិបញ្ញត្តិផងដែរ(រដ្ឋសភា-ព្រឹទ្ធសភា)។
ដោយយល់ឃើញថា «នយោបាយការទូតសភា» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់វិស័យការទូតរបស់រាជរដ្ឋាភិបាល ជួយពង្រឹងដល់សន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស និងនៅក្នុងតំបន់ ទើបក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សានេះឡើង ដើម្បីឱ្យអ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀត ពាក់ព័ន្ធការងាររបស់ស្ថាប័ននីតិបញ្ញត្តិ ក្នុងការទំនាក់ទំនងផ្នែកកិច្ចការការទូតនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានឱ្យដឹងថា «នយោបាយការទូតសភា» គឺជាអំណាចដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់វិស័យការទូតរបស់រដ្ឋ ធ្វើទំនាក់ទំនងតាមផ្លូវសភា ជាមួយនឹងសភានានា ដើម្បីជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេស។
ឯកឧត្តមបណ្ឌិតបន្តថា ដូច្នេះហើយបានជាអាណត្តិដឹកនាំព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់វិសាលភាពលើកិច្ចការងារសំខាន់ៗចំនួនពីរគឺ៖ ទី១ៈ នយោបាយការទូត និងទី២ៈ ការជជំរុញរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត៕





Post a Comment