សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរគម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការសាខា គណៈកម្មាធិការសាខាខេត្ត ប្រធានគណៈកម្មាធិការអនុសាខាក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ យុវជន និងព្រះសង្ឃជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានអានសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលបពិត្រ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសប្រកបដោយ មហានក្ខត្តឫក្សដ៏មហាវិសេសវីសាល សិរីសួស្តី ជ័យមង្គល បវរថ្លៃថ្លា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អធិដ្ឋានដល់ព្រះបារមី នៃទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះឫទ្ធានុភាព នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ" សូមជួយទ្រទ្រង់បីបាច់ថែរក្សា ការពារ អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសុខក្សេមក្សាន្តលើ ទឹកដីកម្ពុជា និងសម្រាប់ប្រជារាស្ត្រខ្មែរ សម្បូរសប្បាយ ថ្កុំថ្កើង និងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕
Post a Comment