សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា នឹងត្រូវបើកដំណើរការឆាប់ៗ ក្រោមជំនួយរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាត ជូនឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងសហការី ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងពិភាក្សាការងារលើវឌ្ឍនភាព និងការត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ជូនថាសាលាវិជ្ជាជីវៈទេសចរណ៍ ត្រូវបានគាំទ្រ និងផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់ធ្វើការបណ្តុះបណ្តាលលើ៖ ១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍។ ២) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ៣) ផ្នែកសេវាកម្មធ្វើដំណើរ និង៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្របតាមលទ្ធភាពសិស្ស និងនិសិ្សត
ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
សាលាវិជ្ជាជីវៈ មាន២ទីតាំង គឺនៅរាជធានីភ្នំពេញស្ថិតនៅផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម² មានអគារចំនួន២ ខាងមុខ ២ជាន់ និង ខាងក្រោយ៤ជាន់ ហើយនៅខេត្តព្រះសីហនុ គឺស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់។
បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារស្ទើរតែទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការសាកល្បងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនថាបេសកកម្មរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយបារាំង នៅតែបន្តគាំទ្រកម្ពុជា។
Post a Comment