សកលវិទ្យាល័យ Harvard ប្ដឹងតបវិញ ក្រោយរដ្ឋបាល ត្រាំ ហាមមិនឲ្យចុះឈ្មោះសិស្សបរទេស
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ សាកលវិទ្យាល័យ Harvard នៅថ្ងៃសុក្រ ទី២៣ ខែឧសភា បានដាក់ពាក្យប្តឹងស្នើសុំឲ្យតុលាការលុបចោលការហាមឃាត់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមិនឲ្យសកលវិទ្យាល័យលំដាប់ពិភពលោកមួយនេះ ចុះឈ្មោះនិស្សិតបរទេស ដោយចោទប្រកាន់ថា បានអត់ឱនចំពោះអ្វីដែលរដ្ឋាភិបាលហៅថា «អ្នកប្រឆាំងអាមេរិក និងអ្នកគាំទ្រភេរវកម្ម»។
ជម្លោះផ្លូវច្បាប់រវាងសាកលវិទ្យាល័យលំដាប់ពិភពលោកមួយនេះ
និងរដ្ឋបាលសហរដ្ឋអាមេរិក កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់
ដោយវាអាចនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់និស្សិតអន្តរជាតិ
និងស្ថាប័នអប់រំផ្សេងទៀតនៅទូទាំងប្រទេស។
ពាក្យបណ្ដឹងនេះ
បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិ (DHS) តាមបញ្ជារបស់រដ្ឋមន្ត្រី លោកស្រី Kristi Noem បានដកសិទ្ធិ Harvard
ក្នុងការចុះឈ្មោះនិស្សិតបរទេសក្រោមកម្មវិធីទិដ្ឋាការ F-1។ DHS
បានបញ្ជាក់ថា Harvard នឹងត្រូវហាមឃាត់មិនឲ្យចុះឈ្មោះនិស្សិតបរទេសថ្មី
ហើយនិស្សិតបរទេសបច្ចុប្បន្នជាង ៧,០០០នាក់
ដែលស្មើនឹងប្រហែល ២៧% នៃនិស្សិតសរុប ត្រូវតែចាកចេញពីសាលា
ឬប្រឈមនឹងការបាត់បង់ស្ថានភាពស្របច្បាប់នៅអាមេរិក។
នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធរដ្ឋ
Massachusetts,
សកលវិទ្យាល័យ Harvard បានអះអាងថា «ដោយគ្រាន់តែការចុះប៊ិចមួយ
រដ្ឋាភិបាលបានព្យាយាមលុបបំបាត់មួយភាគបួននៃនិស្សិតរបស់ Harvard»។ បណ្ដឹងបានបន្តថា ការបញ្ជាក់របស់ Harvard គឺចាំបាច់សម្រាប់និស្សិតអន្តរជាតិរាប់ពាន់នាក់របស់ខ្លួន
ដើម្បីស្នាក់នៅដោយស្របច្បាប់ និងបន្តការសិក្សា ហើយបានហៅការដកសិទ្ធិនេះថាជា «ការរំលោភលើវិសោធនកម្មទី១» និងដំណើរការត្រឹមត្រូវតាមច្បាប់នៃរដ្ឋធម្មនុញ្ញអាមេរិក។
សាកលវិទ្យាល័យក៏បានចាត់ទុកចំណាត់ការនេះថាជា
«ទង្វើចុងក្រោយរបស់រដ្ឋាភិបាលក្នុងការសងសឹកយ៉ាងច្បាស់លាស់» ចំពោះការដែល Harvard
បានអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការបដិសេធការទាមទាររបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងកម្មវិធីសិក្សា
និង «មនោគមវិជ្ជា»
របស់សាលា។ កន្លងមក លោកប្រធានាធិបតី ត្រាំ
ក៏ធ្លាប់បានលើកឡើងដែរថា Harvard
គួរតែបាត់បង់ឋានៈលើកលែងពន្ធរបស់ខ្លួន៕
Post a Comment