ត្រាំ បង្កើនការគំរាមពាណិជ្ជកម្មជាថ្មី សំដៅលើសហភាពអឺរ៉ុប និង Apple
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញការគំរាមកំហែងពាណិជ្ជកម្មជាថ្មីកាលពីថ្ងៃសុក្រ ដោយស្នើដំឡើងពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប និងព្រមានពីពន្ធ ២៥% លើទូរស័ព្ទ iPhone ដែលផលិតនៅក្រៅប្រទេស ដែលជាចំណាត់ការមួយបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើភ្លាមៗ។
ការគំរាមកំហែងជាថ្មីរបស់លោក
ត្រាំ បានបញ្ឆេះឡើងវិញនូវក្តីបារម្ភអំពីស្ថិរភាពពាណិជ្ជកម្មសកល
និងអាចបង្កភាពតានតឹងបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក
និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។
លោក ត្រាំ
បានសរសេរតាមបណ្ដាញសង្គមថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប «មិនទៅណាទេ»
ហើយថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដើម្បី «ទាញយកផលប្រយោជន៍ពីអាមេរិក»។ ការប្រកាសរបស់លោក
បានធ្វើឲ្យសន្ទស្សន៍ភាគហ៊ុនធំៗនៅអាមេរិក និងអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង
ដោយភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ និង Apple រងផលប៉ះពាល់ជាពិសេស។
គណៈកម្មការអឺរ៉ុបបានរក្សាភាពស្ងៀមស្ងាត់
ដោយរង់ចាំកិច្ចសន្ទនារវាងមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ខ្លួនជាមួយសមភាគីអាមេរិក។
អ្នកវិភាគព្រមានពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មអូសបន្លាយ
ខណៈនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនដូចជា Volvo នៅតែសង្ឃឹមថា ភាគីទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀង
ដើម្បីបញ្ចៀសផល ប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងពាណិជ្ជកម្មសកល៕
Post a Comment