អ៊ុយក្រែន រង់ចាំការបញ្ជាក់ពីវត្តមាន ពូទីន មុនសម្រេចជំហានចរចាបន្ទាប់
ប្រភព៖ Reuters
កៀវ៖ ថ្នាក់ដឹកនាំអ៊ុយក្រែន នឹងសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួនសម្រាប់កិច្ចចរចាសន្តិភាពដែលស្នើឡើងនៅក្នុងប្រទេសតួកគីយ៉េ លុះត្រាតែមានភាពច្បាស់លាស់អំពីការចូលរួមដោយផ្ទាល់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ភាពមិនច្បាស់លាស់ជុំវិញការចូលរួមរបស់លោក ពូទីន
កំពុងក្លាយជាកត្តាកំណត់ដ៏សំខាន់មួយ សម្រាប់អនាគតនៃកិច្ចចរចាសន្តិភាព
ដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr
Zelenskyy បានអញ្ជើញលោក ពូទីន
ឲ្យចូលរួមកិច្ចពិភាក្សាដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃព្រហស្បតិ៍ ទី១៥
ខែឧសភា។ ប្រសិនបើលោក ពូទីន យល់ព្រមមែន
នោះនឹងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។
ប្រភពការទូតបាននិយាយថា «អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើថាតើលោក
ពូទីន ខ្លាចក្នុងការមកអ៊ីស្តង់ប៊ុលឬអត់។ ដោយផ្អែកលើការឆ្លើយតបរបស់គាត់
ថ្នាក់ដឹកនាំអ៊ុយក្រែននឹងសម្រេចចិត្តលើជំហានបន្ទាប់»។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា
គណៈប្រតិភូរុស្ស៊ីនឹងមានវត្តមាននៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍
សម្រាប់ការពិភាក្សាដែលអាចកើតមានជាមួយអ៊ុយក្រែន
ប៉ុន្តែមិនបានបញ្ជាក់ពីសមាសភាពគណៈប្រតិភូ ឬថាតើលោក ពូទីន នឹងមកចូលរួមនោះទេ។
ការចរចាដោយផ្ទាល់ចុងក្រោយរវាងភាគីទាំងពីរ បានធ្វើឡើងនៅអ៊ីស្តង់ប៊ុលកាលពីខែមីនា
ឆ្នាំ២០២២។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ក៏បានលើកឡើងពីលទ្ធភាពដែលលោកអាចនឹងទៅកាន់ប្រទេសតួកគីយ៉េសម្រាប់កិច្ចពិភាក្សានេះដែរ
ប៉ុន្តែលោកក៏មិនប្រាកដពីវត្តមានរបស់លោក ពូទីន ទេ។ សម្រាប់ភាគីអ៊ុយក្រែន លោក Zelenskyy
បានបញ្ជាក់ថា
អាទិភាពរបស់លោកគឺការធានាឲ្យបាននូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ៕

Post a Comment