ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជា​ធិបតី​ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ​ទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។

ក្នុងព្រះរាជពិធីនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូលរួមពីសំណាក់ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់​ឆ្នាំង​យ៉ាង​ច្រើនកុះករ។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ទទួលបានព្រះ​បរមរាជា​នុញ្ញាត​ពី​ព្រះមហាក្សត្រ ធ្វើជាស្តេចមាឃ និងមេហួ ដើម្បីប្រារព្ធកិច្ច​ច្រត់​ព្រះ​នង្គ័ល និងសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជ​បវេណី​នៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូល​ស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគ​របស់​គោឧសភ​រាជ។ ពិធីនេះដែរក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែល​ពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែចម្ការ​បាន​ចូលមកដល់ហើយ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជា​រៀង​រាល់ឆ្នាំ នៅក្នុងខែពិសាខ។ ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់​បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុង​ចំណោម​ព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជា​ព្រះរាជ​ពិធី​ទ្វារទសមាស៕



 

Powered by Blogger.