ត្រាំ ព្រមានថា ពូទីន កំពុងប្រឡែងលេងជាមួយភ្លើង
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា បានព្រមានថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឡែងលេងជាមួយភ្លើង ស្របពេលរូបលោកកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឱ្យពិចារណាលើការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែល (លោក) វ្ល៉ាឌីមៀ ពូទីន មិនបានដឹង នោះគឺថាប្រសិនបើមិនមានខ្ញុំទេ
ម្ល៉េះរឿងអាក្រក់ជាច្រើននឹងកើតឡើងលើរុស្ស៉ី។ ខ្ញុំចង់មានន័យថារឿងអាក្រក់បំផុត។
គាត់កំពុងប្រឡែងលេងជាមួយភ្លើង»។
ការព្រមាននេះគឺជាការបង្ហាញការខកចិត្តលើកចុងក្រោយបំផុតមួយរបស់លោក
ត្រាំ ចំពោះលោក ពូទីន
២ថ្ងៃបន្ទាប់ពីរូបលោកហៅប្រធានាធិបតីរុស្ស៉ីរូបនេះថាជាមនុស្សបាតបង់សតិ
ក្រោយការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន។
លោក ដូណាល់ ត្រាំ
មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជារឿងអាក្រក់ទាំងនោះឡើយ។ ប៉ុន្តែ
សារព័ត៌មានអាមេរិកទាំង២ គឺ Wall Street Journal និង CNN
បានរាយការណ៍ថាលោក ត្រាំ
កំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៉ី។ លោក ត្រាំ
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានដែរថាជាការពិតណាស់
លោកកំពុងពិចារណាលើ ការដាក់ទណ្ឌប្រឆាំងរុស្ស៉ី៕
Post a Comment