ឥណ្ឌា-ប៉ាគីស្ថាន ប្តូរពីការប្រឈមមុខដាក់គ្នា ទៅជាការប្រណាំងប្រជែងសព្វាវុធដ្រូន
ប្រភព៖ Reuters
អ៊ីស្លាម៉ាបាដ៖ តាមការវិភាគរបស់អ្នកជំនាញ និងប្រភពឧស្សាហកម្ម បាននិយាយថា ការប៉ះទង្គិចគ្នាដោយប្រើដ្រូនទ្រង់ទ្រាយធំលើកដំបូងរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីដើមខែឧសភា បានរុញច្រានមហាអំណាច នុយក្លេអ៊ែរទាំងពីរឲ្យឈានចូលទៅក្នុងការប្រណាំងសព្វាវុធដ្រូនយ៉ាងពេញទំហឹង ដោយភាគីទាំងពីរកំពុងបង្កើនការវិនិយោគ និងលទ្ធកម្មយន្តហោះគ្មានមនុស្សបើក (UAV) យ៉ាងឆាប់រហ័ស។
ការប្រណាំងសព្វាវុធដ្រូននេះ
កំពុងបន្ថែមស្រទាប់គ្រោះថ្នាក់ថ្មីមួយទៀត ទៅលើជម្លោះដ៏យូរអង្វែង
និងងាយផ្ទុះឡើងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូង
ដែលអាចផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលពួកគេប្រឈមមុខដាក់គ្នា។
ប្រទេសឥណ្ឌា គ្រោងនឹងចំណាយរហូតដល់
៤៧០លានដុល្លារលើ UAV ក្នុងរយៈពេល ១២ ទៅ
២៤ខែខាងមុខ ដែលជាការកើនឡើងបីដងបើធៀបនឹងមុន។ នេះបើតាមលោក Smit Shah ពីសហព័ន្ធដ្រូនឥណ្ឌា។ មន្ត្រីឥណ្ឌាពីររូបបានបញ្ជាក់ថា
ថវិកាបន្ថែមនឹងត្រូវប្រើសម្រាប់ដ្រូនប្រយុទ្ធ និងដ្រូនស៊ើបការណ៍។ លោក Vishal
Saxena ពីក្រុមហ៊ុនផលិត UAV ឥណ្ឌា ideaForge
បានកត់សម្គាល់ថា នីតិវិធីលទ្ធកម្មការពារជាតិឥឡូវនេះ
កំពុងដំណើរការក្នុងល្បឿនលឿនមិនធ្លាប់មានសម្រាប់ការសាកល្បងដ្រូន។
ស្របពេលជាមួយគ្នានេះ
ប៉ាគីស្ថានក៏កំពុងជំរុញការទទួលបាន UAV បន្ថែម
និងបង្កើនសមត្ថភាពផលិតក្នុងស្រុក ដូចជាការសហការជាមួយក្រុមហ៊ុន Baykar របស់តួកគីយ៉េ ដើម្បីទប់ទល់នឹងឥណ្ឌា។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគព្រមានថា
ការប្រើប្រាស់ដ្រូនកាន់តែច្រើន ក៏បង្កហានិភ័យនៃការវាយប្រហារលើតំបន់រសើប
ឬមានមនុស្សរស់នៅ ដែលពីមុនមិនអាចធ្វើទៅបាន៕
Post a Comment