រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំក្រុមការងារអនុវត្តពិសេសជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានគូសបញ្ជាក់អំពីតួនាទីរបស់ ក.វ.ឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោង បន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវ អភិក្រម «អនុវត្តការងាររួមគ្នាជាកញ្ចប់» សំដៅធានាប្រសិទ្ធភាព និង តម្លាភាព នៃការអនុវត្តការងារ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារថ្នាក់ជាតិ ធ្វើការពិនិត្យសុខភាពធុរកិច្ច និងសិក្សាពីសក្តានុពលវិនិយោគសម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន និងសម្របសម្រួលជូនវិនិយោគិន និងធុរជន ។
សូមបញ្ជាក់ជូនថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ត្រូវបានបង្កើតឡើង ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
Post a Comment