ព័ត៌មានស៊ើបការណ៍សម្ងាត់អាមេរិក បង្ហើបថាអ៊ីស្រាអែលកំពុងត្រៀមវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ តាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ CNN ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់បង្ហើបថា ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយដែលសហរដ្ឋអាមេរិកទទួលបាន បានឱ្យដឹងថាអ៊ីស្រាអែលកំពុងត្រៀមលក្ខណៈបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
តាម CNN វាមិនទាន់ច្បាស់ថាតើមេដឹកនាំអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តចុងក្រោយហើយឬក៏យ៉ាងណានោះទេ
ខណៈមានការខ្វែងគំនិតគ្នានៅក្នុងជួររដ្ឋាភិបាលអាមេរិកអំពីថាតើអ៊ីស្រាអែលពិតជា
នឹងសម្រេចចិត្តបើកការវាយប្រហារឬក៏អត់។
CNN បានបន្តទៀតថាលទ្ធភាពដែលអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានកើនឡើងគួរឱ្យកត់សម្គាល់
នារយៈពេលប៉ុន្មានខែថ្មីៗនេះ។ បន្ថែមពីលើនេះ ប្រភពដែល CNN ទទួលបានក៏បានបង្ហើបផងដែរថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទំនងជាអាចនឹងកើតឡើង
ប្រសិនបើសហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់
ដែលមិនរំសាយចោលនូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់របស់អ៊ីរ៉ង់ទេនោះ៕
Post a Comment