កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ
ភ្នំពេញ៖ កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជា បានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ អគ្គបញ្ជាការកងទ័ពជើងគោក។
ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា
និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល នាយឧត្តមសេនីយ៍
ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ
បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ
ច្រកព្រំដែនចុងចម-អូរស្មាច់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖
១៖ ភាគីទាំងពីរ
បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់
ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
(GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០
ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ
ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
២៖ ភាគីទាំងពីរ
បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់
និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC)
ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខ
ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
៣៖ ភាគីកម្ពុជា
ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក
ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
៤៖ ភាគីកម្ពុជា នឹងមិនដកថយ
ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ
ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
ភាគីទាំងពីរបានឯកភាព
និងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី
នាថ្ងៃដដែល៕
Post a Comment