រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតក្នុងវិស័យទេសចរណ៍
អត្ថបទ៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់» និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។
ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោករួមជាមួយ លោក ហួត
ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានសហការរៀបចំពិធីផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green
Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានគូសបញ្ជាក់ថា ឱសថដ៏ល្អដើម្បីបន្សាបព័ត៌មានក្លែងក្លាយ គឺត្រូវដាក់ព័ត៌មានពិត
ច្បាស់លាស់ លឿន រហ័ស ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសជាតិ និងអន្តរជាតិ
ឱ្យបានដឹងកាន់តែច្បាស់ពីស្ថានភាពពិត រឿងពិតនៅក្នុងប្រទេសកម្ពុជា
ក៏ដូចជាទីតាំងទេសចរណ៍នានាជាដើម។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានថ្លែងថា ការផ្សព្វផ្សាយអំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green
Season) ជាយន្តការដើម្បីជំរុញចលនាទេសសចរណ៍ក្នុងស្រុក
និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ
ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា
ដល់ខែតុលា។
រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា
យុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងនេះ
ក៏មិនត្រឹមតែជំរុញចលនាទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ
តែក៏ជាផ្នែកមួយនៃការកាត់បន្ថយលំហូរភ្ញៀវជាតិចេញទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេសផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា
ក្រសួងទេសចរណ៍នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗបន្ថែមទៀត
សំដៅការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ក្នុងរដូវកាលបៃតងនេះ
ដោយលោកសង្កត់ធ្ងន់ថា ភ្ញៀវទេសចរជាសាសនិកឥស្លាម ជាគោលដៅដ៏និយម។
ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ
ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ គឺពិតជាមានសារៈសំខាន់។ ឯកឧត្តម
នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា
ការផ្សព្វផ្សាយនូវព័ត៌មានអំពីវិស័យទេសចរណ៍
គឺមិនត្រឹមតែធានាបាននូវសន្តិសុខព័ត៌មានប៉ុណ្ណោះទេ
តែថែមទាំងគឺជាការធានាភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង៕
Post a Comment