សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ
ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វិទ្យាល័យ ហ៊ុន
សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានគ្រូសរុបចំនួន ៣១នាក់ ស្រី ១៣នាក់
និងមានសិស្សសរុប ៩៨៥នាក់ ស្រី ៥១២នាក់ មានអគារសិក្សាសរុប ៣ខ្នង ស្មើនឹង ២៨បន្ទប់
អគារស្នាក់នៅ ០២ខ្នង ស្មើនឹង ២៥បន្ទប់ និងទីចាត់ការ ០១ខ្នង ស្មើនឹង ០៣បន្ទប់។
ពីដំបូងវិទ្យាល័យនេះ
គឺជាអនុវិទ្យាល័យប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣
មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១
ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់
និងបានទទួលសិស្សឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ ស្រី ២៩នាក់ប៉ុណ្ណោះ។
ដោយមានកំណើនសិស្សកើនឡើង
ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ
និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ ស្រី ៨៨នាក់ មានគ្រូបង្រៀនចំនួន ៩នាក់។
ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស
ដែលមានទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀនសូត្រនៅទីនេះ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនាម័យ
២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥គ្រែ
ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៕

Post a Comment