ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ និងនាំអំណោយចែកប្រជាពលរដ្ឋជាង១០០គ្រួសារ ក្រោយជម្លៀសចេញពីតំបន់ប៉ះទង្គិចជាមួយទាហានថៃ

អត្ថបទ៖ ម៉ាវិន

ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង រួមទាំងអាជ្ញាធរខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋ១១៩គ្រួសារ នៅព្រឹកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយជម្លៀសទៅកាន់តំបន់សុវត្ថិភាពស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ក្រោយប៉ះទង្គិចគ្នាជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបី នៃស្រុកជាំក្សាន្ត ។

ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាច្រើនទៀត បានខិតខំប្រឹងប្រែងធ្វើការជាមួយភាគី ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សាការអត់ធ្មត់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ព្រមទាំងធានារក្សាព្រំដែនសន្តិភាព ។

សូមបញ្ជាក់ថា ខណៈមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងក្រុមទាហានថៃ និងកងទ័ពកម្ពុជា ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិតេជោមរកត និងភូមិសែនតេជៈ ស្ថិតក្នុងឃុំមរកត នៃស្រុកជាំក្សាន្ត បានបង្ខំចិត្តនាំក្រុមគ្រួសារចាកចេញពីផ្ទះសម្បែង ដីស្រែចម្ការ និងមុខរបរប្រចាំថ្ងៃរបស់ខ្លួន ដោយសារតែមានការភ័យខ្លាច ពីការប្រឈមមុខដាក់គ្នា រវាងទាហានថៃ និងកម្ពុជា ហើយបច្ចុប្បន្នពួកគាត់កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពតាកឹង៕














Powered by Blogger.