ផលិតផលកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលមានសក្តានុពលរបស់ខេត្តស្ទឹងត្រែងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ស្របពេលរដ្ឋបាលខេត្តស្ទឹងត្រែងបាន រិះរកមធ្យោបាយដើម្បីប្រែក្លាយទឹកដីមួយនេះឲ្យទៅជាគោលដៅអភិវឌ្ឍន៍ពេញលេញ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចបាននូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មន្ទីរពាណិជ្ជកម្ម បានកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយពីសក្តានុពលកម្ពុជា នៅខេត្តស្ទឹងត្រែង ដើម្បីជំរុញនិងលើកទឹកចិត្តប្រជាជនឲ្យគាំទ្រផលិតផលក្នុងស្រុក ។
ទន្ទឹមនោះ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្ត ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់ផលិតផលកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំក្នុងការផ្សព្វផ្សាយ និងតែងបានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឲ្យខិតខំច្នៃប្រឌិតផលិតទំនិញឲ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការក្នុងស្រុក សំដៅកាត់បន្ថយការនាំចូលពីបរទេស ហើយជាជំហានៗអាចនាំចេញ ផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបាននាពេលខាងមុខ ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បន្តថា៖នេះជាផ្នែកមួយនៃគោលនយោបាយ ដែលជួយឲ្យផលិតករស្គាល់ពីផលិតផលសក្តានុពលរបស់កម្ពុជាតាមបណ្តា រាជធានី.ខេត្ត ដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងជាទិន្នន័យ ដើម្បីផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីផលិតបានចំគោលដៅ ហើយអត្តសញ្ញាណផលិតផលសក្តានុពល រាជធានី-ខេត្តនីមួយៗ ដែលកំណត់បាន គឺជាចំណង ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជា ជាមួយធុរជនអ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងចង់វិនិយោគក្នុងវិស័យកសិកម្ម និងផលិតកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេសផងដែរ ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង មានផលិតផលកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលមានសក្តានុពលចំនួន១១មុខ ដែលត្រូវបានជ្រើសរើសវាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល ។ ក្នុងនោះផលិតផលរួមមានដូចជាៈ គ្រាប់ស្វាយចន្ទីកែឆ្នៃ. ណែមសាច់ត្រី. អន្សមឆ្ងាញ់ស្ទឹងត្រែង. ក្រូចឆ្មា. ស្ទឹងត្រែងរីសត. ស្រាម្នាស់.សំពត់.ក្រម៉ា. ចង្កិះ. ទឹកបរិសុទ្ធសេកុង. និងបន្លែជីគ្រប់មុខ ដែលផលិតផលទាំងនេះ បាននឹងកំពុងចរាចរណ៍លើទីផ្សារ និងជំរុញការផ្សព្វផ្សាយតាមរយៈការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងយុទ្ធនាការទិញផលិតផលខ្មែរផ្សេងៗផងដែរ ៕
Post a Comment