ចិន ប្រកាសបង្កើនការជួយដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក លើបម្រែបម្រួលអាកាសធាតុ

 ប្រភព៖​ Reuters

ប៉េកាំង រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានសន្យាថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក នឹងបង្កើនការគាំទ្រដល់ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ។

ការសន្យារបស់ចិនជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក កើតឡើងនៅពេលដែលកម្មវិធីជំនួយរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់នេះត្រូវបានបង្កក ហើយប្រទេសជាច្រើន រងផលប៉ះពាល់ពីពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ក្រោយកិច្ចប្រជុំក្នុងទីក្រុង Xiamen កាលពីថ្ងៃពុធ លោក Wang បាននិយាយដោយសំដៅទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោក ស៊ី ជីនពីង ថាចិននឹងអនុវត្តគម្រោង ១០០ តូចប៉ុន្តែស្រស់ស្អាត នៅទូទាំងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក តាមរយៈការធ្វើទំនាក់ទំនងជាមួយចិនរយៈពេល ៣ឆ្នាំទៅមុខ។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ចិន ទទួលស្គាល់យ៉ាងពេញលេញ ចំពោះភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ ប៉េកាំងក៏នឹងបណ្តាក់ទុន ២លានដុល្លារ លើវិស័យថាមពលស្អាត នេសាទ មហាសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប និងវិស័យទេសចរណ៍ នៅបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផងដែរ៕



 

Powered by Blogger.