រដ្ឋមន្រ្តី ហេង សួរ៖ រយៈពេលជាង១ឆ្នាំ រោងចក្រកើនឡើងប្រមាណជិត ៦០០ ខណៈប្រាក់ឈ្នួលសរុបរបស់កម្មករប្រចាំឆ្នាំមានជិត ៦ពាន់លានដុល្លារ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជាមានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០
និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
“គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន
បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់
ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ
៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស
គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់
ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន
ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ
និងស្ថាប័នពាក់ព័ន្ធ
បានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៧៥១នាក់៕
Post a Comment