រុស្ស៉ីចោទថា អ៊ុយក្រែនក្រោមការគាំទ្រពីអឺរ៉ុប កំពុងព្យាយាមបំផ្លាញកិច្ចប្រឹងប្រែងរកសន្តិភាព
ប្រភព៖ Reuters
មូស្គូ៖ កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា ក្រសួងការពារជាតិរុស្ស៉ី បានចោទថា
អ៊ុយក្រែនក្រោមការគាំទ្រពីប្រទេសអឺរ៉ុបមួយចំនួន
បានធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ ក្នុងគោលដៅប៉ុនប៉ងបំផ្លាញ
កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។
ក្រសួងការពារជាតិរុស្ស៉ី
បាននិយាយថា ក្រោមការផ្តួចផ្តើមពីប្រទេសរុស្ស៉ី
កិច្ចសន្ទនាដោយផ្ទាល់រវាងរុស្ស៉ី-អ៊ុយក្រែន
ស្តីពីដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះនៅអ៊ុយក្រែន បានបន្តឡើងវិញ
ប៉ុន្តែទន្ទឹមគ្នា ទីក្រុងកៀវក្រោមការគាំទ្រដោយប្រទេសអឺរ៉ុបមួយចំនួន បានធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់
ក្រោមគោលដៅរារាំងដំណើរការនៃកិច្ចចរចា។
យោងតាមក្រសួងការពារជាតិរុស្ស៉ី
គិតចាប់តាំងពីថ្ងៃទី២០ ខែឧសភា អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន
និងមីស៊ីលយ៉ាងខ្លាំងមកលើទឹកដីរបស់រុស្ស៉ី តាមរយៈការប្រើប្រាស់អាវុធរបស់លោកខាងលិច
ហើយកំណត់គោលដៅលើតំបន់ស៉ីវិល។ រាប់ចាប់ពីពេលនោះ រហូតដល់ថ្ងៃទី២៧ ខែឧសភា
ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់និងកម្ទេច
យន្តហោះដ្រូនអ៊ុយក្រែនសរុបរហូតដល់ ២៣៣១គ្រឿង។
ខាងអ៊ុយក្រែនក៏បានរាយការណ៍ពីការកើនឡើងខ្លាំង
នៃការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីមកលើទឹកដីខ្លួនផងដែរ ក្នុងនោះរួមមានទាំង
ការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្ស១៣នាក់។
ក្រោយការវាយប្រហារនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារហៅប្រធានាធិបតីរុស្ស៉ី
លោក វ៉្លាឌីមៀ ពូទីន ជាមនុស្សបាត់បង់សតិ ហើយគំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី។
កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ការវាយប្រហាររបស់រុស្ស៉ី
គឺគ្រាន់ជាការឆ្លើយតបប៉ុណ្ណោះ ចំពោះការបង្កើនការវាយប្រហាររបស់អ៊ុយក្រែន។
សូមជម្រាបថា កិច្ចចរចាទល់មុខផ្ទាល់លើកដំបូងរវាងរុស្ស៉ីនិងអ៊ុយក្រែន
គិតក្នុងរយៈពេលជាង៣ឆ្នាំ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែឧសភា
ប៉ុន្តែវាបរាជ័យក្នុងការសម្រេចឱ្យបាននូវបទឈប់បាញ់៕
Post a Comment