ពិធីប្រគល់សម្ភារសុខាភិបាល ដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកក្រុង ស្រុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
អត្ថបទ៖ សុខ ចរណៃ
ខេត្តបាត់ដំបង៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សម្ភារសុខាភិបាល "ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារក Neoantal Ventilator "ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកក្រុង ស្រុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌របស់ម្ចាស់ជំនួយដែលបានផ្តល់សម្ភារសុខាភិបាលដល់មន្ទីរពេទ្យក្នុងខេត្តបាត់ដំបង និងជាពិសេសគោរពថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានជួយជ្រោមជ្រែងបន្តបន្ទាប់កន្លងមក។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលអាចផ្ដល់ លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល។ជាពិសេស ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនទាក់ទងនឹងការថែទាំសុខភាពដែលជាលទ្ធផលនៃការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ។
ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជាបានចាត់វិធានការ និងយុទ្ធសាស្ត្រសំខាន់ៗឆ្ពោះទៅការកែលម្អប្រព័ន្ធសុខាភិបាល និងគោលនយោបាយរបស់ៗរដ្ឋ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ទោះបីជាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ក៏ដោយ ស្ថាន ភាពសុខភាពទូទៅរបស់ប្រជាជនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពខុសគ្នា និងបញ្ហាប្រឈម នានានៅតែមានជាពិសេសបញ្ហាកុមារ។ ជំងឺឆ្លង ជំងឺផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ-១៩ បានយាយី និងធ្វើឱ្យ ប្រព័ន្ធសុខាភិបាលលើពិភពលោក ដោយឡែកប្រទេសកម្ពុជាក៏ជួបប្រទះធំធេង។ សម្ភារវេជ្ជសាស្ត្រ និងបរិក្ខារ សុខាភិបាលមានសារៈសំខាន់ណាស់ក្នុងការជួយទប់ស្កាត់ជំងឺដង្កាត់ទាំងនោះ។ ចុងក្រោយនេះជំងឺផ្លូវដង្ហើមមានកើតឡើងច្រើនសម្រាប់មនុស្សទូទៅ និងកុមារ ជាពិសេសកូវីដ-១៩ប្រភេទថ្មី Omicron (JN.1) ដែលក្រសួងសុខាភិបាលទើបចេញប្រកាសថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កើត រិទ្ធ ថ្លែងឱ្យដឹងថា ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារកដែលផ្ដល់ជូននាពេលនេះនឹងជួយសង្រ្គោះទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នសុខាភិបាលនៅថ្នាក់ក្រោមជាតិដែលជាការរួមចំណែកក្នុងការអនុវត្តវិធានគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅមូលដ្ឋានជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផងដែរ៕
Post a Comment