៤ខែឆ្នាំនេះ កម្ពុជារកចំណូលបាន១៤៩លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជិត២០%
ភ្នំពេញ៖ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១៤៩លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា
ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានចំនួន១៤៨ ១៧៧ ៩១៩ដុល្លារ
ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ៦៩១ ៥៥០ដុល្លារ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១,៩២៦ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៦១ដុល្លារ ក្នុង១តោន ស្មើនឹង៣១.៤៧%
ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា
ឆ្នាំ២០២៥ មានតម្លៃ ២៣៣ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥
៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨%
និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ
ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ
រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន
ពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន ៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ
មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ៕
Post a Comment