ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើង​យ៉ាង​មហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែន​នីមួយៗ​​របស់កម្លាំង​នគរបាល​ជាតិផងដែរ។

នគរបាល​ជាតិ​ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វិរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ តាម​រយៈ​ព្រះរាជក្រម​លេខ៣៥ នស ចុះ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ១៩៤៥ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​នយោបាយ ដែល​កាលនោះ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​លើក​ទី​មួយ មាន​រយៈពេលជិត​៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី១៨ ខែ​មីនា ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ១៩៤៥ ក្រោយពី​ស្ថិត​ក្រោម​អាណានិគម​បារាំង ៨២ឆ្នាំ។

​ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើង​ជា​រៀង​​រាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហា​ករុណា​ទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរ​ត​ន​កោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើ​ពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែល​បានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់​និន្នាការ​សង្គម ​បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំង​នគរបាលជាតិ​ជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមាន​ភាពរីកចម្រើន៕



Powered by Blogger.