នាយកប្រតិបត្តិ សាជីវកម្មទេសចរជប៉ុន ចាប់អារម្មណ៍លើការ វិនិយោគវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ ៖ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុនបានបង្ហាញនូវការចាប់អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុននេះ
ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម នាថ្ងៃ១៤ ឧសភា។
ក្នុងជំនួបសម្ដេចតេជោរំលេចថា
បើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមកសិឧស្សាហកម្ម
ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ
គឺជាចំណុចខ្លាំងមួយដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល
និងទាញយកផលចំណេញបានច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
សម្ដេចលើកឧទាហរណ៍ដូចជាដំណាំស្រូវ
និងស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា
ប៉ុន្ដែកម្ពុជាបាននាំវត្ថុធាតុដើមចេញទៅលក់នៅក្រៅប្រទេស
ដោយកង្វះខាតនូវការវិនិយោគលើការកែច្នៃនៅក្នុងប្រទេសដើម្បីនាំចេញដោយខ្លួនឯង។
ដូច្នេះសម្ដេចចង់ឱ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍លើវិស័យកសិឧស្សាហកម្មនៅកម្ពុជាឱ្យមានការកើនឡើង។
សម្ដេចតេជោសង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម
ភាគីជប៉ុន និងរាជរដ្ឋាភិបាលជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដែលជាស្ថាប័នជំនាញនៅក្នុងវិស័យនេះដើម្បីធ្វើកិច្ចសហការជាមួយគ្នា។
ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេលើកឡើងថា
តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុមហ៊ុនរបស់លោកនឹងសិក្សាបន្ថែម
ហើយជជែកជាមួយរាជរដ្ឋាភិបាលថាតើក្រុមហ៊ុនរបស់អាចនឹងវិនិយោគទៅលើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។
លោកក៏បានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត
ជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន៕



Post a Comment