ពូទីន៖ បទឈប់បាញ់ Easter បានបញ្ចប់ទៅហើយ ប៉ុន្តែរុស្ស៊ីនៅតែបើកចំហចំពោះសំណើសន្តិភាព
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនបានបន្តឡើងវិញ បន្ទាប់ពីបទឈប់បាញ់សម្រាប់បុណ្យ Easter បានបញ្ចប់ទៅហើយ ដោយលោកបានបន្ថែមថា ទីក្រុងមូស្គូនៅតែបើកចំហចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ ហើយរំពឹងថានឹងមានអាកប្បកិរិយាស្រដៀងគ្នាពីទីក្រុងកៀវ។
ការលើកឡើងរបស់លោក ពូទីន
ធ្វើឡើងខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ខ្លួននឹងស្វាគមន៍ការបន្តបទឈប់បាញ់។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានរំលឹកឡើងវិញពីឆន្ទៈរបស់អ៊ុយក្រែនក្នុងការយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល
៣០ថ្ងៃ។ លោក ពូទីន បានឆ្លើយតបថា រុស្ស៊ីត្រូវតែសិក្សាដោយប្រុងប្រយ័ត្ននូវសំណើនេះ
និងសំណើផ្សេងៗទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មានទូរទស្សន៍រដ្ឋ
លោក ពូទីន បានបញ្ជាក់ពីការបញ្ចប់បទឈប់បាញ់ ដែលក្នុងអំឡុងពេលនោះ ទាំងអ៊ុយក្រែន
និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារ និងរំលោភបទឈប់បាញ់រាប់រយលើក។
លោក ពូទីន បាននិយាយថា «យើងតែងតែមានអាកប្បកិរិយាវិជ្ជមានចំពោះបទឈប់បាញ់
ដែលជាមូលហេតុដែលយើងបង្កើតគំនិតផ្តួចផ្តើមបែបនេះ ជាពិសេសសម្រាប់ថ្ងៃបុណ្យ Easter
ដ៏ភ្លឺស្វាង»។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា «យើងតែងតែនិយាយថា យើងមានអាកប្បកិរិយាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាពទាំងអស់។
ហើយយើងសង្ឃឹមថាអ្នកតំណាងនៃរបបក្រុងកៀវនឹងមានអារម្មណ៍ដូចគ្នា»។
សូមជម្រាបថា បើទោះបីជាមានការបង្ហាញជំហរបើកចំហខ្លះៗក៏ដោយ
ក៏គេមិនទាន់ឃើញមានសញ្ញាជាក់ស្តែងណាមួយនៃការឈានទៅរកកិច្ចចរចាសន្តិភាពប្រកបដោយផ្លែផ្ការវាងរុស្ស៊ី
និងអ៊ុយក្រែននៅឡើយទេ៕

Post a Comment