ត្រាំ ថាពន្ធគយដ៏ខ្ពស់លើទំនិញចិននឹងធ្លាក់ចុះយ៉ាងខ្លាំង
ប្រភព៖ CNN
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយបានថ្លែងថា ពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនសូន្យឡើយ» ចំពេលមានភាពប្រែប្រួលខ្លាំងនៅលើទីផ្សារ។ ទោះបីជាមានសញ្ញានៃការបន្ទន់ជំហរក៏ដោយ ភាពមិនច្បាស់លាស់នៅតែមានខ្ពស់ជុំវិញអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
ការកត់សម្គាល់របស់លោក ត្រាំ
ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ហាក់បង្ហាញពីការបន្ទន់វោហាសាស្ត្រ
បន្ទាប់ពីមានការដំឡើងពន្ធដល់កម្រិតជាង ១៤៥% និងការប្រើសម្តីធ្ងន់ៗជាច្រើនសប្តាហ៍។
លោកបានថ្លែងក្នុងការឆ្លើយសំណួរអ្នកសារព័ត៌មានថា «១៤៥%
គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ... វានឹងធ្លាក់ចុះយ៉ាងខ្លាំង។
ប៉ុន្តែវានឹងមិនសូន្យទេ»។
លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនេះ
នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott
Bessent នៅក្នុងសន្និសីទវិនិយោគឯកជនមួយដែលរៀបចំដោយ JP
Morgan Chase។
យោងតាមរបាយការណ៍របស់ CNN
លោក Bessent បានប្រាប់ក្រុមអ្នកវិនិយោគថា
សង្គ្រាមពាណិជ្ជកម្មជាមួយចិនគឺ «មិនបន្តរហូតទេ» ហើយលោក រំពឹងថានឹងមានការបន្ធូរបន្ថយភាពតានតឹងនៅពេលអនាគតដ៏ខ្លី
ដោយគោលដៅគឺការធ្វើឲ្យពាណិជ្ជកម្មមានតុល្យភាពឡើងវិញ
មិនមែនការផ្តាច់ទំនាក់ទំនងទាំងស្រុងនោះទេ។
ការលើកឡើងរបស់លោក Bessent
បានជំរុញឲ្យមានការស្ទុះឡើងវិញ នៅលើទីផ្សារហ៊ុន Wall Street កាលពីថ្ងៃអង្គារ ហើយបានបន្តដល់ថ្ងៃពុធ។
ទីផ្សារហ៊ុនអាស៊ីក៏មានកំណើននៅថ្ងៃពុធផងដែរ ដោយសន្ទស្សន៍ Hang Seng របស់ហុងកុង ឡើងជាង ២% Nikkei របស់ជប៉ុនឡើងប្រហែល
២% និង Kospi របស់កូរ៉េខាងត្បូង កើន ១.៥%។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក
ត្រាំ និងលោក Bessent កាលពីថ្ងៃពុធ ក្រសួងការបរទេសចិន
បាននិយាយដដែលៗថា សហរដ្ឋអាមេរិកគួរតែ «បញ្ឈប់ការគំរាមកំហែង
និងការបង្ខិតបង្ខំ... ហើយចូលរួមជាមួយចិនដោយផ្អែកលើគោលការណ៍ស្មើភាព
ការគោរពគ្នាទៅវិញទៅមក» ប្រសិនបើ
សហរដ្ឋអាមេរិកពិតជាចង់បានកិច្ចព្រមព្រៀង៕
Post a Comment