ឆ្នាំ២០២៤ ការទូទាត់សំណងធានារ៉ាប់រង មានទំហំទឹកប្រាក់ប្រមាណ ៩១លានដុល្លារអាមេរិក

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា នៅឆ្នាំ២០២៤ ការទូទាត់សំណងធានារ៉ាប់រងមានទំហំទឹកប្រាក់ប្រមាណ ៩១លានដុល្លារអាមេរិក ពោលរយៈពេល៥ឆ្នាំចុងក្រោយ វិស័យធានារ៉ាប់រងមានកំណើនប្រមាណជា ២១% ក្នុង/ឆ្នាំ។

លោកថា បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន៤០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះមានទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត។

លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង៤០ មានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ០១ក្រុមហ៊ុន , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ក្រុមហ៊ុន , ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន។

ចំណែកលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជាក៏បានឱ្យដឹងផងដែរថា បើធៀបនិង១០ឆ្នាំមុនកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ធមានការប្រែប្រួល បានន័យថា កម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ធលែងនៅលើមូលដ្ឋានទៀតហើយ គឺមានការកើនឡើងជាងមុន។

សូមជម្រាបថា ដោយមានកិច្ចសហការរវាងសមាគមធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានដោយលើកយកប្រធានបទ«បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដែលពិធីនេះនៅសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំពោះវាគ្មិនដែលចូលរួមក្នុងវេទិកាពិភាក្សានេះរួមមាន៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) , លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា , លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា , លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា , លោក នី លីហួង ប្រធានគណៈកម្មការអប់រំសមាគមធានារ៉ាប់រងកម្ពុជា និងមានការចូល រួមអ្នកសារព័ត៌មានប្រមាណជាង ៨០នាក់ មកពីជាង៤០ស្ថាប័ន៕









Powered by Blogger.