អ៊ុយក្រែនដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ក្រោយចោទក្រុងប៉េកាំងថា ផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី
ប្រភព៖ Reuters
កៀវ៖ ប្រទេសអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី នៅថ្ងៃសុក្រ ទី១៨ ខែមេសា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Volodymyr Zelenskiy បានចោទប្រកាន់ថា ប្រទេសចិនបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដែលជាការអះអាងមួយត្រូវបានទីក្រុងប៉េកាំងច្រានចោលថាគ្មានមូលដ្ឋាន។
បញ្ជីទណ្ឌកម្មថ្មីដែលចេញផ្សាយដោយរដ្ឋបាលរបស់លោក
Zelenskiy
នៅថ្ងៃសុក្រនេះ រួមមានក្រុមហ៊ុនចិនចំនួនបីគឺ Beijing
Aviation And Aerospace Xianghui Technology Co. Ltd, Rui Jin Machinery Co. Ltd និង Zhongfu Shenying Carbon Fiber Xining Co. Ltd ដែលត្រូវបានចុះបញ្ជីរួមជាមួយក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។
ឯកសារមិនបានផ្តល់ព័ត៌មានលម្អិត
អំពីមូលហេតុជាក់លាក់ដែលក្រុមហ៊ុនទាំងនេះត្រូវបានដាក់ទណ្ឌកម្មនោះទេ
ដែលនឹងហាមឃាត់ពួកគេមិនឲ្យធ្វើអាជីវកម្មនៅអ៊ុយក្រែន និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។
ការដាក់ទណ្ឌកម្មនេះអាចនឹងធ្វើឲ្យទំនាក់ទំនងរវាងអ៊ុយក្រែន
និងចិន កាន់តែមានភាពតានតឹងបន្ថែមទៀត
ខណៈដែលអ៊ុយក្រែនបន្តស្វែងរកការគាំទ្រពីអន្តរជាតិ
និងដាក់សម្ពាធលើប្រទេសដែលខ្លួនជឿជាក់ថា
កំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។
កាលពីថ្ងៃព្រហស្បតិ៍
លោក Zelenskiy
បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា
រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា
កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។
នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន
ហើយបញ្ជាក់ថា ចិនរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាម
ទោះបីមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៊ីក៏ដោយ។
មុនសង្គ្រាម អ៊ុយក្រែន
និងចិនមានទំនាក់ទំនងពាណិជ្ជកម្មសំខាន់ ការនាំចេញរបស់អ៊ុយក្រែនមានតម្លៃ
៨ពាន់លានដុល្លារ និងការនាំចូលមានតម្លៃក្រោម ១១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
កាលពីសប្តាហ៍មុន លោក Zelenskiy ក៏បានអះអាងដែរថា
មានជនជាតិចិនកំពុងប្រយុទ្ធឲ្យរុស្ស៊ី ហើយអ្នកការទូតចិនត្រូវបានកោះហៅ
ប៉ុន្តែក្រោយមកមន្ត្រីអ៊ុយក្រែន និងអាមេរិកបានបញ្ជាក់ថា
បុគ្គលទាំងនោះទំនងជាចូលរួមដោយខ្លួនឯងដើម្បីប្រាក់ឈ្នួល៕

Post a Comment