អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់ជាប់គាំង
ប្រភព៖ Reuters
ហ្គាហ្សា៖ នៅថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួន
លើគោលដៅប្រហែល ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប
ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ
បន្ទាប់ពីក្រុមហាម៉ាស់បានបដិសេធសំណើបទឈប់បាញ់របស់អ៊ីស្រាអែល ដោយលើកឡើងថា
សំណើនោះខ្វះការប្តេជ្ញាចិត្តក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង។
កាលពីខែមុន
យោធាអ៊ីស្រាអែលបានបំពានបទឈប់បាញ់រយៈពេលពីរខែ ហើយចាប់តាំងពីពេលនោះមក
បានបើកការវាយលុកពីភាគខាងជើង និងខាងត្បូង ដោយដណ្តើមបានជិតមួយភាគបីនៃតំបន់ហ្គាហ្សា
ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ឲ្យយល់ព្រមដោះលែងចំណាប់ខ្មាំង និងទម្លាក់អាវុធ។
អ្នកសម្របសម្រួលអេហ្ស៊ីប
កំពុងព្យាយាមស្តារកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករាឡើងវិញ
ប៉ុន្តែមានសញ្ញាតិចតួចនៃវឌ្ឍនភាពលើបញ្ហាគោល។ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា
លោក Khalil
Al-Hayya បាននិយាយថា ក្រុមនេះមានឆន្ទៈដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល
៥៩នាក់ ដែលនៅសេសសល់ ជាមួយអ្នកទោសប៉ាឡេស្ទីន និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។
ប៉ុន្តែលោកបានច្រានចោលសំណើរបស់អ៊ីស្រាអែល
ដែលរួមមានការទាមទារឲ្យហាម៉ាស់ទម្លាក់អាវុធ ដោយហៅវាថាជា «លក្ខខណ្ឌដែលមិនអាចទៅរួច»។
អ៊ីស្រាអែល
មិនទាន់ឆ្លើយតបជាផ្លូវការចំពោះសម្តីរបស់លោក Al-Hayya ទេ
ប៉ុន្តែក្រុមរដ្ឋមន្ត្រីបានអះអាងជាបន្តបន្ទាប់ថា
ក្រុមហាម៉ាស់ត្រូវតែរំសាយអាវុធទាំងស្រុង
ហើយមិនអាចមានតួនាទីក្នុងការគ្រប់គ្រងហ្គាហ្សានាពេលអនាគតបានទេ។
ខណៈកិច្ចចរចាគ្មានផ្លែផ្កា
អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួន
ចាប់តាំងពីបានបំពានបទឈប់បាញ់កាលពីខែមុន ដោយបានចូលកាន់កាប់ទឹកដីបន្ថែម
និងបានអះអាងថា នឹងបន្តរក្សាវត្តមានកងទ័ពនៅក្នុងតំបន់ការពារ (buffer
zone) ទោះបីមានកិច្ចព្រមព្រៀងណាមួយក៏ដោយ។
ការខ្វែងគំនិតគ្នាលើលក្ខខណ្ឌបញ្ចប់សង្គ្រាម
កំពុងធ្វើឲ្យកិច្ចចរចាគ្មានដំណើរការ ហើយការប្រយុទ្ធគ្នា
និងការរងទុក្ខរបស់ជនស៊ីវិលនៅហ្គាហ្សា នៅតែបន្តកើតមាន៕

Post a Comment