កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខាជាផ្លូវការ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ) រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ។
ពិធីនេះក៏មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ
និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ និងសមាជិក សមាជិកា
នៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC,
ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ
ជាច្រើនរូបផងដែរ។
កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥
ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖ (១)
កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក ស៊ុន ចាន់ថុល
ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក
អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក
(២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣)
កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម
និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
អនុវត្តក្រោមការឯកភាពដ៏សំខាន់
ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា
កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី
ហើយត្រូវបានរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា
ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
គម្រោងនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា
នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។
ផ្លូវទឹកមួយខ្សែនេះមានប្រវែង ១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ
និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់
រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប
ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប
ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។
ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖
ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ,
ការសាងសង់ជម្រាលជើងទេរ
និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន
និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ
រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន,
និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង
និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល
រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។
លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។
គួររម្លឹកដែរថា៖ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបច្ចុប្បន្នបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកនេះនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕


Post a Comment