រដ្ឋាភិបាលអ៊ីស្រាអែល បណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង
ប្រភព៖ AFP
ហ្ស៊េរុយសាឡិម៖ ប្រមុខទីភ្នាក់ងារ Shin Bet ដែលគេស្គាល់ថាជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អ៊ីស្រាអែល (ISA) គឺលោក Ronen Bar ត្រូវបានបណ្ដេញចេញពីតំណែងហើយនៅថ្ងៃសុក្រ ទី២១ ខែមីនា។
ទំនាក់ទំនងរបស់លោក Ronen
Bar ជាមួយលោក Netanyahu មានភាពល្អក់កករតាំងតែពីមុនការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧
ខែតុលា ឆ្នាំ២០២៣ទៅទៀត។ តែទំនាក់ទំនងនេះកាន់តែធ្លាក់ចុះដុនដាប
ក្រោយការចេញរបាយការណ៍ផ្ទៃក្នុងមួយរបស់ Shin Bet កាលពីថ្ងៃទី៤
ខែមីនា ដែលបានទទួលស្គាល់ពីបរាជ័យរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនេះ
ក្នុងការទប់ស្កាត់ ការវាយប្រហាររបស់ក្រុមហាម៉ាស។
នាយរដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin
Netanyahu កាលពីសប្ដាហ៍មុនបានលើកឡើងពីការអស់ជំនឿចិត្ត
ជាហេតុផលនៅពីក្រោយការបញ្ចប់តួនាទីរបស់លោក Ronen Bar ដែលត្រូវបានតែងតាំងជាប្រមុខ
Shin Bet កាលពីខែតុលា ឆ្នាំ២០២១ សម្រាប់អាណត្តិ៥ឆ្នាំ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យលោក Netanyahu
បានគូសបញ្ជាក់ថា «រដ្ឋាភិបាលបានអនុម័តជាឯកច្ឆន្ទលើសំណើរបស់លោកនាយករដ្ឋមន្ត្រី
Benjamin Netanyahu ដើម្បីបញ្ចប់តួនាទីរបស់នាយក ISA លោក Ronen Bar នៅត្រឹមថ្ងៃទី១០ ខែមេសា ឬក៏នៅពេលនាយក
ISA ថ្មីត្រូវបានតែងតាំង»។
គួរបញ្ជាក់ថា កន្លងមក លោក Ronen
Bar ក៏ធ្លាប់បានបង្ហើបផងដែរពីចេតនាលាលែងចេញពីតំណែង នៅមុនចប់អាណត្តិ
ជាការទទួលខុសត្រូវលើបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់ ហាម៉ាស៕
Post a Comment