នាយករដ្ឋមន្ត្រីថៃ ប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្ត
ប្រភព៖ Reuters
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា ដោយគណបក្សប្រឆាំងនឹងសួរចម្លើយលោកស្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុក និងការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកស្រីស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់លោកស្រី។
មកទល់នឹងពេលនេះ
វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកស្រី Paetongtarn មិនបានជំរុញកំណើនសេដ្ឋកិច្ចតាមការរំពឹងទុកនោះទេ ដោយអត្រាកំណើនមានត្រឹម២.៥ភាគរយ
ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤
ដែលនេះគឺទាបជាងអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើទោះជាមិនទទួលបានអត្រាគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិក៏ពិតមែន
តែលោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយជំហរដ៏រឹងមាំ
ដោយមិនមានសញ្ញាចលាចលណាមួយនៅក្នុង
រដ្ឋាភិបាលចម្រុះរបស់លោកស្រីដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានោះឡើយ។
ដូច្នេះវាមិនទំនងនោះទេដែលញត្តិដកសេចក្ដីទុកចិត្តរបស់លោកស្រីអាចនឹងត្រូវបានអនុម័ត
នៅក្នុងការបោះឆ្នោតមួយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ។
គណបក្សប្រជាជន (People's
Party) ដែលជាបក្សប្រឆាំងក្នុងប្រទេសថៃ បានចោទប្រកាន់ថាលោកស្រី Paetongtarn
កំពុងអនុវត្តតាមបទបញ្ជាពីឪពុករបស់លោកស្រី គឺលោក Thaksin
Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn បានច្រានចោលការចោទប្រកាន់នេះ
ហើយទទូចថារដ្ឋាភិបាលរបស់លោកស្រីមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់នោះទេ ខណៈលោក Thaksin
បាននិយាយថាលោកបាន ចូលនិវត្ត ហើយផ្ដល់ត្រឹមតែយោបល់តែប៉ុណ្ណោះ៕
Post a Comment