សហភាពអឺរ៉ុប ពន្យារពេលការដាក់ពន្ធលើទំនិញអាមេរិក
ប្រភព៖ Reuters
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប (EU) បានសម្រេចពន្យារពេលការដាក់ចេញវិធានការសងសឹកដំបូងរបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិករឿងពន្ធលើលោហធាតុរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតដល់ពាក់កណ្តាលខែមេសា។
តាមគម្រោងដំបូង EU គ្រោងនឹងដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ៤.៥ ពាន់លានអឺរ៉ូ នៅថ្ងៃទី ១
ខែមេសា និង ១៨ ពាន់លានអឺរ៉ូទៀតនៅថ្ងៃទី ១៣ ខែមេសា។ វិធានការប្រឆាំងដំបូងគេនោះ
រួមមានការដាក់ពន្ធ ៥០% លើស្រា bourbon របស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក ត្រាំ បានគំរាមដាក់ពន្ធ ២០០%
លើស្រា និងផលិតផលគ្រឿងស្រវឹងផ្សេងទៀត ដែលនាំចូលពីសហភាពអឺរ៉ុប
ប្រសិនបើប្លុកនេះបន្តអនុវត្តវិធានការសងសឹកនេះ។ ទន្ទឹមនឹងនោះ រដ្ឋបាលត្រាំ
ក៏កំពុងរៀបចំផែនការពន្ធ «ទៅវិញទៅមក» នៅថ្ងៃទី ២ ខែមេសា
ដើម្បីស្ដារតុល្យភាពប្រព័ន្ធពាណិជ្ជកម្មពិភពលោកឡើងវិញផងដែរ។
ស្នងការពាណិជ្ជកម្មអ៊ឺរ៉ុប លោក Maros
Sefcovic បានថ្លែងថា ការពន្យារពេលនេះគឺដើម្បីឱ្យ EU អាចពិនិត្យឡើងវិញនូវទំនិញណាខ្លះដែលគួរកំណត់គោលដៅ
និងផ្តល់ពេលវេលាបន្ថែមទៀត សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក៕
Post a Comment