សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។

សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធ​ផល​​មួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជា​ចំណង​ដៃថ្មីបន្ថែមទៀត​សម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេស​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់​ជាអាណាព្យបាលសិស្សនៅ​ក្នុង​ក្រុងតាខ្មៅផ្ទាល់។

សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលា​រៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សា​កំរិត២ទីរួមខេត្ត» បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជ​សាសន៍​ប៉ុល​ពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា «សាលាលិចទឹក» ព្រោះស្ថិត​នៅ​លើ​ដីទំនាបដែលមានតែអគារទ្រុឌទ្រោម៕



 

Powered by Blogger.