សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានអចិន្រ្ទៃយ៍គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ រួមទាំងឯកឧត្តម អ៊ុ ឃន សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តស្តីទី និងតំណាងមន្ទីរវិស័យមកពីខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារពេជ្រាដា ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ១) ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មហាជននិងតួអង្គ ពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ អំពីបញ្ហាប្រជាជននិងអភិវឌ្ឍន៍ និងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរដល់ការរៀបចំសកម្មភាពសមស្របនៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួមសម្រេចបាន នូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ២) ពង្រឹងកិច្ចសហការរវាងគណៈកម្មាធិការពិសេស តាមដានការអនុវត្តសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានីខេត្ត និង ៣) គាំទ្រនិងពង្រឹងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជ ធានីខេត្ត ក្នុងការតាមដាននិងពន្លឿនការអនុវត្តសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។ ឯកឧត្តម បន្ថែមថា តាមរយៈការដាក់ចេញនិងអនុវត្តជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ អភិវឌ្ឍន៍តាមវិស័យ កម្ពុជាអាចសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍ធំធេងជាច្រើន ក្នុងនោះមានការកាត់បន្ថយមរណភាពមាតានិងទារក ការមានផែនការគ្រួសារនិងសុខភាពបន្តពូជ ការមានសេវាសុខភាពជាសាកល ការលើកកម្ពស់យេនឌ័រ និងការកាត់បន្ថយអំពីហិង្សាផ្អែកលើយេនឌ័រ ។ល។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តស្តីទី បានឱ្យដឹងថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ស្របតាមក្របខ័ណ្ឌ អភិវឌ្ឍន៍របស់កម្ពុជា សម្រាប់គ្រប់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដោយឈរលើគោលការណ៍គោរពសិទ្ធិនិងជម្រើសរបស់បុគ្គល ជាពិសេសស្ត្រីនិងយុវវ័យចំពោះសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងការលុបបំបាត់អំពើហិង្សា និងការរើសអើងប្រឆាំងនឹងស្ត្រី និងក្មេងស្រី៕








Powered by Blogger.