សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងរុនតាឯកតេជោសែន

ភ្នំពេញ៖ រដ្ឋបាលក្រុងរុនតាឯកតេជោសែន៖ នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ លោក លី វណ្ណៈ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រក្រុងរុនតាឯក តេជោសែន ចំនួន៧០គ្រួសារ មកពី២សង្កាត់ រួមមានសង្កាត់រុនតាឯក (ក្នុងនោះ រលំចំនួន៧ខ្នង និងប៉ះពាល់ធ្ងន់ចំនួន៤៥ខ្នង) និងសង្កាត់បល្ល័ង្ក (ក្នុងនោះប៉ះពាល់ធ្ងន់ចំនួន១៨ខ្នង)។

សូមជម្រាបថា គ្រោះធម្មជាតិនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ ធ្វើនៅទីតាំងនៃផ្សារធម្មជាតិរុនតាឯក។

នាឱកាសនោះ លោក លី  វណ្ណៈបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា  អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។ លោកក៏បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។


លោកបន្តថាដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកក៏បានអំពាវនាវ ឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះករណីមានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀត ចំពោះសុខភាពក៏ជារឿងសំខាន់ណាស់ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត ដើម្បីឆាប់បានពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។

លោកថែមទាំងបានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ថា រាល់ពេលធ្វើដំណើរលើដងផ្លូវសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងអ្នកដទៃផងដែរ។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖

- គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល ។

-   គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល៕









Powered by Blogger.