រដ្ឋសភាហ្វីលីពីន អនុម័តសេចក្តីព្រាងចោទប្រកាន់ដកតំណែង អនុប្រធានាធិបតី Sara Duterte
ប្រភព៖ Reuters
ម៉ានីល៖ សេចក្តីព្រាងច្បាប់មួយ ស្តីពីការចោទប្រកាន់ដកតំណែង អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប (រដ្ឋសភា) ក្នុងសំឡេងច្រើនជាងមួយភាគបី ដោយវានឹងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការសម្រេច នៅក្នុងព្រឹទ្ធសភា។
សំណើចោទប្រកាន់ដកដំណែងលោកស្រី Sara
Duterte បានកើតឡើង ចំពេលមានជម្លោះដ៏ជូរចត់ រវាងលោកស្រី
និងប្រធានាធិបតី លោក Ferdinand Marcos Jr ដែលបានលេចឡើងជាសាធារណៈ
បន្ទាប់ពីការដួលរលំ នៃសម្ព័ន្ធភាពដ៏មានឥទ្ធិពល រវាងគ្រួសាររបស់ពួកគេ
ដែលបាននាំឱ្យអ្នកទាំងពីរ ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត
កាលពីឆ្នាំ២០២២។
អគ្គលេខាធិការរដ្ឋសភា លោក Reginald
Veslasco បានប្រាប់អ្នកកាសែតថា សមាជិកសភា២១៥នាក់ ក្នុងចំណោម
៣០៦នាក់ បានផ្តល់ការគាំទ្រចំពោះសេចក្តីព្រាងខាងលើ។ ដោយឡែក មូលហេតុនៃការចោទប្រកាន់
មិនទាន់ច្បាស់លាស់ទេ។ កន្លងមក លោកស្រី Duterte បានបដិសេធប្រព្រឹត្តខុស
និងបានចាត់ទុក ចំណាត់ការលើលោកស្រីថា ជាការសងសឹកផ្នែកនយោបាយ។
សេចក្តីព្រាងចោទប្រកាន់
នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភា ២៣រូប នឹងត្រូវធ្វើជាគណៈវិនិច្ឆ័យ
ក្នុងដំណើរការនីតិវិធី ដែលអាចនាំទៅដល់ការដកតំណែង លោកស្រី Sara
Duterte និងការដកសិទ្ធិមិនឱ្យកាន់តំណែង ក្នុងរដ្ឋាភិបាល
អស់មួយជីវិត៕
Post a Comment