រដ្ឋមន្រ្តី ឌិត ទីណា ស្នើសហគ្រាសវិស័យជលផលត្រូវប្រកាន់ភ្ជាប់នូវស្តង់ដាត្រឹមត្រូវ ដើម្បីឆ្លើយតបតម្រូវការទីផ្សារនាំចេញ

ភ្នំពេញ៖ ដើម្បីបំណងធានាដល់ការធ្វើពាណិជ្ជកម្មធនធានជលផលកាន់តែប្រសើរឡើងបន្ថែមទៀត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យខ្ពស់ និងបង្កើនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ ជាពិសេសទីផ្សារអឺរ៉ុប ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ។

 ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើររការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ យូនីដូ (UNIDO) និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយតភ្ជាប់ខ្សែច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិតផលជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា អាចពង្រីកលទ្ធភាពនិងសមត្ថភាពក្នុងជំនួញរបស់ខ្លួន។ លើសពីនេះ ឯកឧត្តម បានលើកឡើងពីការកើនឡើងនៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមានសម្រាប់ប្រជានេសាទ។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំគិតដល់ប្រជានេសាទ និងសហគ្រាស អំពីការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយនេះ ឯកឧត្តម បានបង្ហាញគោលចំហរគាំទ្រដល់សហគ្រាសនានាក្នុងអនុវិស័យជលផល ក្នុងស្មារតីភារតភាពខ្ពស់ ដើម្បីអាចធានាធនធានជលផលប្រកបដោយនិរន្តរភាព និងប្រើប្រាស់ពេញសមត្ថភាពនូវធនធានជលផល ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់ មានភាពទុកចិត្ត ធានាបាននូវសុវត្ថិភាពចំណីអាហារ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ យូនីដូ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ និងវិស័យឯកជន ដែលជានិច្ចជាកាលជួយគាំទ្រនូវតម្រូវការបច្ចេកទេស ទុនហរិញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម។ ស្របនឹងលទ្ធផលវិជ្ជមាននេះ ឯកឧត្តម បានអំពាវនាវដល់បណ្តាធនាគារផ្សេងៗទៀតគិតគូរក្នុងការចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ និងផ្តល់ផលចំនេញទាំងអស់គ្នា និងជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕





 

Powered by Blogger.